នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ៕