នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP_MAFF បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការផ្សព្វផ្សាយទស្សនទានសហគមន៍កសិកម្មនិងសហគមន៍កសិកម្មទំនើបដល់កសិករ នៅសហគមន៍កសិកម្មគោលដៅគម្រោងខេត្តក្រចេះ នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP_MAFF) នៅទីរួមខេត្តក្រចេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF និងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដក្រចេះ អាជ្ញាធរស្រុក ឃុំ ភូមិ មន្រ្ដីកសិកម្មឃុំ សហគមន៍ (កសិកម្ម ព្រៃឈើ ប្រើប្រាស់ទឹក) ក្នុងតំបន់វិសាលភាពនៃការអនុវត្តន៍គម្រោង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមបានគូរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងឱ្យសិក្ខាកាមទាំងអស់បានយល់ច្បាស់ពីសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប និងនិតិវិធីបង្កើតជាសហគមន៍ទំនើប ដោយមានបង្ហាញពីមន្រ្ដីជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ អង្គសិក្ខាសាលានេះ បានផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន និងកំណត់បាននូវប្រភេទមុខដំណាំមានសក្តានុពល។ ជាមួយគ្នានេះ សិក្ខាកាមបានធ្វើកិច្ចពិភាក្សានិងផ្ដល់ធាតុចូលសំខាន់ៗ ពីសក្ដានុពល ការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ និងភាពខ្លាំង ភាពខ្សោយ បណ្ដាសហគមន៍ក្នុងវិសាលភាពគម្រោងឃុំថ្មី និងឃុំកន្ទួត ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ៕