នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញនាំឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនេីបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្នុងដំណេីរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណេីរ បានចុះត្រួតពិនិត្យរោងម៉ាសុីនកិនស្រូវ ភ្លក់នូវរសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វេីបទបង្ហាញផ្តោតសំខាន់ទៅលេីពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនេីបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជេីញនាំគណៈប្រតិភូហ្វីលីពីន បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនេីបត្រាំកក់ ដែលផ្តោតទៅលេីផលិតកម្មដំណាំបន្លែជាច្រេីនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដេីម ប៉េងប៉ោះឈេីរី ។ល។ ដែលមានតម្រូវការផងដែរ។
តាមរយៈដំណេីរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី Francisco P.Tiu Laurel, Jr. បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕