នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកយុទ្ធនាការ «បេសកកម្មបច្ចេកទេសស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការចូលរួមក្នុងអភិបាលកិច្ច» ក្នុងឱកាសទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦ ដែលកម្មវិធីប្រព្រឹត្តទៅនៅ កោះរ៉ុង Beach Hostel &Bungalows ក្នុងខេត្តព្រះសីហនុ។
កម្មវិធីរៀបចំឡើងដោយ អង្គការគាំពារធនធានសមុទ្រ (MRPO) ក្រុមហ៊ុនខ្មែរដាយគ្រុប (KDG) សហការរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង មានការចូលរួមពីលោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក រាជ សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង លោកជា ផល្លីន នាយកអង្គការគាំពារធនធានសមុទ្រ (MRPO) តំណាងមន្ទីរកសិកម្មខេត្ត មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរសាធារណការនិងដឹកជញ្ជូន និងដៃគូពាក់ព័ន្ធសរុបអ្នកចូលរួមប្រមាណ៥០នាក់។
ថ្លែងក្នុងពិធីបើក លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ៖យុទ្ធនាការបេសកកម្មបច្ចេកទេសបាតសមុទ្រនាថ្ងៃនេះ ត្រូវបានរៀបចំឡើង មិនមែនគ្រាន់តែជាការអបអរសាទរទិវាអណ្តើកសមុទ្រជាលក្ខណៈនិមិត្តរូបនោះទេ ប៉ុន្តែជា «សកម្មភាពជាក់ស្តែង» ក្នុងការចុះទៅមុជទឹក ដើម្បីកាត់ផ្តាច់ និងប្រមូលមងក្រឡាធំៗ ព្រមទាំងសំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅសមុទ្រដោយផ្ទាល់។ សកម្មភាពនេះ នឹងជួយរំដោះជម្រកដ៏សំខាន់ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សត្វអណ្តើកសមុទ្រ និងជីវចម្រុះផ្សេងទៀតបានភ្លាមៗ។
បើតាមលោកជំទាវ ការការពារធនធានធម្មជាតិ និងបរិស្ថានសមុទ្រ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ស្ថាប័នណាមួយនោះឡើយ តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ទិន្នន័យនៃកាកសំណល់ដែលយើងប្រមូលបាន និងថ្លឹងកត់ត្រាទុក នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង ជាពិសេសអគ្គនាយកដ្ឋានជលផល ក្នុងការរៀបចំផែនការនិងសកម្មភាព គ្រប់គ្រង ការពារ និងអភិរក្សធនធានសមុទ្រឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
នៅចុងបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជួយពង្រីកការយល់ដឹងសាធារណៈ អំពីផលប៉ះពាល់នៃមងខ្មោច តាមរយៈការផ្សព្វផ្សាយរូបភាព និងវីដេអូអភិរក្សនៅលើបណ្តាញសង្គម។ នេះជាជំហានដំបូងបង្អស់ក្នុងការកសាងយន្តការរួមគ្នា ដើម្បីត្រួតពិនិត្យ ស្ដារឡើងវិញ និងការពារសមុទ្រកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព៕