កម្មវិធីទី៣៖
ឈានចូលកម្មវិធីទី៣ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិក របស់លោក សូ វន ជាប្រជាជនមួយរូបក្នុងចំណោមប្រជាជនជាច្រើនដែលបានរងបាត់បង់ការងារជាចុងភៅ នៅទីក្រុងបាវិត ក្នុងដំណាក់កាលនៃការរីរាលដាលជាសកលនៃមេរោគកូវិដ ១៩ ដែលបច្ចុប្បន្នរស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លើផ្ទៃដី ១ហត។ លោក សូ វន ទើបចាប់ផ្តើមចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកកាលពីខែកក្កដា ឆ្នាំ២០២០ ដោយបានរៀបចំតង់ប្លាស្ទិកនិងដាក់កូនត្រីបានចំនួន ០៧តង់ ទំហំតង់ ៥ម×១០ម ក្នុងតង់១ ដាក់កូនត្រីចំនួន ១០០គីឡូ ហើយបាន ចិញ្ចឹមអាសូឡាចំណីត្រី។ អនាគតគ្រោងរៀបតង់ចិញ្ចឹមឲ្យបាន ១៥តង់ និងសាកល្បងចិញ្ចឹមអន្ទង់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងគាំទ្រចំពោះឆន្ទ:របស់លោក សូ វន ដែលបានដាក់ទុនជាង ៥ម៉ឺនដុល្លារដើម្បីរៀបចំចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកនេះ។ សកម្មភាពនេះ វានឹងចូលរួមបង្កើនបរិមាណត្រីអណ្តែងផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ស្របពេលដែលរាជរដ្ឋា ភិបាលបានធ្វើការកាត់បន្ថយការនាំចូលត្រីពីបរទេស និងចូលរួមជំរុញវិស័យវារីវប្បកម្មក្នុងខេត្ត ស្វាយរៀងឲ្យកាន់តែរីកចម្រើន ធានាបានសន្តិសុខស្បៀង។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបង ប្រុសម្ចាស់កសិដ្ឋានស្វែងរកដៃគូដើម្បីធានានិរន្តរភាពអាជីវកម្ម និងតម្លៃ និងសិក្សារៀនសូត្រ ស្រាវជ្រាវបច្ចេកទេសបន្ថែម ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗក្នុងអំឡុងពេលចិញ្ចឹមដែលអាចកើតមានជាយថាហេតុ។