នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ផ្តល់ផលចំណេញដល់សមាជិកសហគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប ដែលចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះ ឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ។ បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពផ្ទះសំណាញ់ និងទីតាំងនៃសមាជិកមួយចំនួននៃសហគមន៍កសិកម្ម៕