នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម តំណាង ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ (២០២៤-២០២៨)។
កិច្ចប្រជុំនេះធ្វើឡើងនៅស្តីការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)។
ក្រៅពីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំនេះក៏មានសមាសភាពចូលរួមមកពីអន្តរក្រសួង រាជធានី ខេត្តទាំង២៥ តំណាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមានចំនួនសរុប១៦៥រូប៕