នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីកសិកម្មឃុំ ស្តីពី កសិករអេកូឡូស៊ី កសិកម្មស្តង់ដារ SRP និង App Farmbook នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាក្រសួង តំណាងមន្ទីរកសិកម្មខេត្តកំពង់ធំ និងខេត្តសៀមរាប រួមទាំងមន្ត្រីកសិកម្មឃុំ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្ដាល ឯកឧត្តមបណ្ឌិតបានជំរុញដល់មន្ត្រីកសិកម្មឃុំក្នុងខេត្តសៀមរាបចំនួន១០នាក់ និងមន្ត្រីកសិកម្មឃុំនៅខេត្តកំពង់ធំចំនួន១៨នាក់ ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយកសិករ ជួយសម្រួលដល់កសិករលើបញ្ហាទីផ្សារ និងការប្រមូលទិន្នន័យកសិកម្មឱ្យបានច្បាស់លាស់។ ការប្រមូលទិន្នន័យនេះ ធ្វើឡើងតាមរយៈកម្មវិធី App Farmbook ដើម្បីក្តាប់ព័ត៌មានឱ្យបានជាក់លាក់ទាក់ទងនឹងទិន្នន័យរបស់កសិករ ទិន្នន័យទិន្នផលកសិកម្ម នៅតាមឃុំទូទាំងប្រទេស។
សូមជម្រាបថា វគ្គបណ្តុះបណ្តុះបណ្តាលនោះ ធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ខេត្តសៀមរាប ក្រោមឣធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដំណើរការនៃការបណ្តុះបណ្តាលគាំទ្រដោយ គម្រោង WAT4CAM និងឣង្គការ GIZ នៃគម្រោង MUSEFO៕