ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសម និងស្តាប់បង្ហាញអំពីសេវាកម្ម និងផលិតផលរបស់ធនាគារ J Trust Royal ===================== នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងស្តាប់បទបង្ហាញរបស់ក្រុមការងារមកពីធនាគារ J Trust Royal ។ បន្ទាប់ពីក្រុមការងារធនាគារបានធ្វើបទបង្ហាញអំពីសេវាកម្ម និងផលិតផលរបស់ខ្លួនរួច ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យធនាគារ J Trust គាំទ្រវិស័យកសិកម្មក្នុងការផ្តល់កម្ចីឱ្យបានទូលំទូលាយដល់វិស័យរោងម៉ាស៊ីនស្រូវ រោងចក្រឬសហគ្រាសកែច្នៃផលិតផលកសិកម្មផ្សេងៗ ក្នុងអត្រាការប្រាក់ទាបសមរម្យ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើឱ្យខាងធនាគារពិចារណាក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករក្នុងការពង្រីកអាជីវកម្មរបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់ទៅកាន់ខាងធនាគារវិញ៕