យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីនិងជីកសិកម្មនិងសហការី ព្រមទាំងមានការចូលរួមពីមន្រ្តីការិយាល័យនីតិកម្មកសិកម្មខេត្តត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះបង្រ្កាបបាននូវទីតាំងស្តុកបទល្មើសជីកសិកម្មមួយកន្លែង និងដេប៉ូប្រព្រឹត្តល្មើសមួយកន្លែង ដោយអនុវត្តតាមនីតិវិធីច្បាប់តាមបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះការងារការធ្វើអធិការកិច្ចជីឬថ្នាំកសិកម្មនេះ ទាមទារឱ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ ដេប៉ូអាជីវករ និងអ្នកប្រើប្រាស់ជីថ្នាំកសិកម្ម។ គោលបំណងសំខាន់ៗនៃការធ្វើអធិការកិច្ចនេះ រួមមានការត្រួតពិនិត្យ ស្រាវជ្រាវ តាមដាន និងបង្រ្កាបដើម្បីរក្សាបាននូវគុណភាពជីនិងថ្នាំកសិកម្ម ការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនឬគ្រឹះស្ថានលក់ដុំលក់រាយជីនិងថ្នាំកសិកម្មដែលទទួលបានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ល។
ដោយឡែកក្រុមការងារក៍បានចុះពិនិត្យទីតាំងមួយកន្លែងរបស់កសិករដែលប្រកបរបរផលិតជីសរីរាង្គមួយកន្លែង ក្នុងនោះក្រុមការងារបានពាំនាំប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងក្នុងការចូលរួមគាំទ្រជម្រុញលើកទឹកចិត្តចំពោះពាណិជ្ជករដែលមានបំណងធ្វើពាណិជ្ជកម្មផលិតជីកសិកម្មក្នុងស្រុក និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសនិងនីតិវិធីស្តីពីការធ្វើពាណិជ្ជកម្មជីកសិកម្ម។