នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃ «បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (3rd Implementation Support Mission)» នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ព្រមទាំងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តនៃខេត្តគោលដៅទាំងបួន រួមមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគម្រោង។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃបេសកកម្មលើកទី៣ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ធនាគារពិភពលោក និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។
ជាកិច្ចបញ្ចប់ តំណាងក្រុមបេសកកម្មរបស់ធនាគារពិភពលោកបានធ្វើបទបង្ហាញអំពីលទ្ធផលសំខាន់ៗ អនុសាសន៍ និងសកម្មភាពអាទិភាពសម្រាប់ការអនុវត្តបន្ត។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយអង្គប្រជុំបានឯកភាពលើអនុសាសន៍ និងសកម្មភាពអាទិភាពសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការពន្លឿនការអនុវត្តគម្រោង និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានគ្រោងទុក៕