នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ ឌិតទីណា បានអញ្ជេីញចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
គួរបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានរយៈពេលមួយខែពេញ ដើម្បីចូលរួមអបសាទរ ទិវាកុមារអន្តរជាតិ១មិថុនា និងបំផុសចលនាសប្បុរសធម៌ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្រោមមូលបទ "ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ"។ សូមអំពាវនាវដល់សាធារណជន និងសប្បុរសជន ចូលរួមផ្សព្វផ្សាយ និងបរិច្ចាគក្នុងយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិត ពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕