នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន រួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី បានជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ ក្នុងខេត្តស្វាយរៀង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារផ្សព្វផ្សាយកសិកម្ម និងធ្វើការតម្រង់ទិសការងារស្នូលមួយចំនួន និងជាណែនាំបន្ថែមលើការងារធ្វើការជាមួយកសិករក្នុងការបង្កើនប្រាក់ចំណូលពីការធ្វើស្រែ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងពីភារកិច្ច តួនាទីរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ គោលនយោបាយអាទិភាពទី៥ និងទី៦។ ឯកឧត្តមបានកោតសរសើរដល់ការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ជាពិសេសការជួយសម្របសម្រួលទីផ្សារ ជួយកសិករក្នុងការងារបច្ចេកទេសប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ការអនុវត្តន៍នូវគោលការណ៍ស្រែល្អជាដើម ធ្វើយ៉ាងណាឱ្យកសិករចំណាយថ្លៃដើមផលិតទាប ដែលជាយុទ្ធសាស្ត្របង្កើនប្រាក់ចំណេញជូនកសិករ៕