នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ចើញចូលរួមកម្មវិធីជូនដំណើរនិស្សិតអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន JDS ឆ្នាំ២០២៣ ចំនួន ២៥រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន ដែលនៅក្នុងចំណោមនោះ មានមន្ដ្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៤រូប។
កម្មវិធីនេះ រៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក សានូអិ កាហ្សឹម៉ាហ្សា តំណាង JICA ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមកពីក្រសួងនិងស្ថាប័នរដ្ឋជាច្រើនរូប។
សូមបញ្ជាក់ថា មន្ដ្រីរាជការក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង៤រូប ដែលត្រូវទៅបន្តការសិក្សានៅសាកលវិទ្យាល័យឃ្យុស៊ុ (Kyushu) ប្រទេសជប៉ុន ក្រោមកម្មវិធី JDS មានសមាសភាព១រូប មកពីមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម គឺលោក ព្រំ វិសិដ្ឋ ទៅបន្តការសិក្សាថ្នាក់បណ្ឌិត ជំនាញសេដ្ឋកិច្ចកសិកម្មនិងធនធាន និង ៣រូបទៀតត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត គឺកញ្ញា តាំង សុវិឡា មកពីនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍធនធានមនុស្ស ជំនាញសេដ្ឋកិច្ចកសិកម្មនិងធនធាន កញ្ញា តុង ផានីដេត មកពីអគ្គនាយកដ្ឋានកសិកម្ម និងលោក ស៊ាន សុវណ្ណមុនី មកពីរដ្ឋបាលព្រៃឈើ ជំនាញវិទ្យាសាស្ត្របរិស្ថានព្រៃឈើដូចគ្នា៕