ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ ជូនដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នំា២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ បន្ទាប់ពីស្តាប់មតិស្វាគមន៍ និងរបាយការណ៍ពីឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្មរួចមក ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាស្ត្រ ៣ចំណុចសំខាន់ៗ ជូនដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត ៖ ១. សាកលវិទ្យាល័យ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ មោទកភាព និងទំនុកចិត្ត ដល់សាស្ត្រាចារ្យ និងនិស្សិត។ កេរ្តិ៍ឈ្មោះល្អ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នាឥតឈប់ឈរ។ សាកលវិទ្យាល័យយើងមានប្រវត្តិយូរមកហើយ ក៏មានកិត្តិនាមល្អ បានបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវិស័យកសិកម្មជាច្រើន ដូច្នេះយើងត្រូវបន្ត កសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។ ២. សាស្ត្រាចារ្យ គឺជាអ្នកផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស។ កាលណាធនធានមនុស្សយើងខ្លាំង នោះយើងអាចបង្កើតស្នាដៃ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកចាក់សោរបើកទ្វារឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង ហើយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទកភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។ ៣. និស្សិតត្រូវមានគោលដៅជីវិតច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគតរបស់យើង ជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនធានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង៕