នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះបន្តចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ នៅចំណុចភូមិសាស្រ្តមួយចំនួន ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តាមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយកម្លាំងចម្រុះ ដែលមានសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សយ ទូច អភិបាលស្រុក និងគណៈកម្មការសហគមន៍នេសាទបឹងរាំង សហគមន៍នេសាទសំបុកសត្វសែនជ័យ និងអង្គការអភិរក្សធនធានជលផល និងព្រៃឈើ សរុបចំនួន៣០រូប។
ប្រតិបត្តិការចុះបង្ក្រាបនោះ បានប្រើប្រាស់កាណូតចំនួន៥គ្រឿង ចុះទៅបង្រ្កាបនៅចំណុចឈើទាលបោះ ចំណុចក្រោមភូមិទួលស្នួល និងចំណុចហូតអន្ទង់ ក្នុងឃុំទួលស្នួល និងចំណុចផ្លូវដំរី បឹងចំណារ ចំណុចចុងព្រែកឆុង ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
វត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុងបានចំនួន ៤១មាត់ របាំងស្បៃមុងប្រវែង ២៣០៣ម៉ែត្រ បង្កោលចម្រឹងចំនួន ១១៩៨ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ១៥៣ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ៕