ដោយបានការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់គ្រូបង្គោល.អាជីវករ និងប្រធានសហគមន៍កសិកម្មក្នុងខេត្តតាកែវពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារកសិកម្មក្នុងផលិតកម្មកសិកម្ម ផ្សព្វផ្សាយបន្តទៅដល់កសិករដើម្បីលើកកម្ពស់ការ យល់ដឹងក្នុងការប្រើប្រាស់សម្ភារកសិកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដើម្បីបង្កើនទិន្នផលនិងជម្រុញដល់ការនាំចេញទៅបរទេសជួយបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ ។ ក្រោមការគាំទ្រថវិកាពីអង្គការ Food and Agriculture Organization of United Nations ហៅកាត់( FAO) កម្មវិធីបានប្រព្រឹត្តទៅនាព្រឹក អង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី លោក ឃី កុសល អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ។ នាយកដ្ឋាននីតិកម្មកសិកម្មរៀបចំកម្មវិធីនេះក្នុង គោលបំណង៖ ១-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់ចេញជាធរមានហើយ ២-ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់អាជីវករពីការប្រើប្រាស់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម សិក្ខាកាមដែលចូលរួមមានមន្រ្តីនីតិកម្មកសិកម្មខេត្ត ម្ចាស់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងសហគមន៍កសិកម្ម ដោយចែកចេញជាពីរវេនព្រឹកចំនួន២០ នាក់ និងរសៀលចំនួន២០ នាក់ ដោយរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដោយបានទទួលការពេញចិត្តពីអាជីវករ និងប្រធានសហគមន៍កសិ កម្មដែលជាតំណាងឲ្យកសិករជាអ្នកផលិតនូវផលិតកម្មកសិកម្មផងដែរ ។