នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីផលិតកម្មកសិកម្មវិលជុំ នៅខេត្តព្រះវិហារ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី មន្ត្រីគម្រោងថ្នាក់ជាតិ អ្នកសម្របសម្រួល ជំនួយការ មន្ត្រីកសិកម្មឃុំ និងបុគ្គលិកគម្រោងមកពីមន្ទីរកសិកម្ម នៃខេត្តគោលដៅទាំង ៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ មណ្ឌលគិរី និងក្រចេះ ព្រមទាំងមន្ត្រីមកពីនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ និងនាយកដ្ឋានគ្រប់គ្រងដីកសិកម្ម សរុបចំនួន ៣៦នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីការធ្វើសមាហរណកម្មការផ្សព្វផ្សាយកសិកម្មវិលជុំទៅក្នុងស្ថាប័ន ការបង្កើនប្រសិទ្ធភាពទំនាក់ទំនងរវាងទឹក និងសារធាតុចិញ្ចឹម ការបង្កើនប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រជាអតិបរមា ឱ្យស្របទៅនឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អការរក្សាទឹក និងអាយុកាលរបស់ប្រព័ន្ធធារាសាស្ត្រ ការលើកកម្ពស់ភាពប្រកួតប្រជែងលើទីផ្សារ រួមទាំងការពង្រឹងភាពធន់ផ្អែកលើទិន្នន័យ និងបណ្តុះបណ្តាលមន្ត្រីឱ្យចេះតាមដាន និងរាយការណ៍អំពីប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក និងការកាត់បន្ថយកាបូន ដោយប្រើប្រាស់ឧបករណ៍ឌីជីថលឆ្លាតវៃនឹងអាកាសធាតុ។
កសិកម្មវិលជុំ គឺជាប្រព័ន្ធផលិតកម្មកសិកម្មដែលផ្តោតលើការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយការខ្ជះខ្ជាយ ដោយយកសំណល់ ឬផលអនុផលពីសកម្មភាពកសិកម្មមួយទៅប្រើប្រាស់ជាធនធានសម្រាប់សកម្មភាពកសិកម្ម។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងបុគ្គលិកគម្រោង ក្នុងការជំរុញការអនុវត្តផលិតកម្មកសិកម្មវិលជុំប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន នឹងត្រូវយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព បង្កើនផលិតភាព កាត់បន្ថយការខ្ជះខ្ជាយធនធាន និងសំណល់ ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធផលិតកម្មកសិកម្មទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលដៅរបស់គម្រោង CaWSIP៕