ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីភាពបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ឬ Mekong Discovery Days នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា​ លេីកទី១៤​

ចេញ​ផ្សាយ​ ២៤ មីនា ២០២៥ 582

នាព្រឹកថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ឬ Mekong Discovery Days ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា​ លេីកទី១៤​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានសម្តែងក្តីសោមនស្សរីករាយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឱកាសចូលរួមកម្មវិធីនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលដែលក្រសួងសម្រេចបាន តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា។ តាមរយៈភាពយន្តឯកសារទាំងឡាយ ដែលចាក់បញ្ចាំងនៅក្នុងកម្មវិធី «ជុំវិញដងទន្លេមេគង្គ» នេះ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ទស្សនិកជន ជាពិសេសប្អូនៗសិស្ស-និស្សិត នឹងបានយល់កាន់តែច្បាស់និងទូលំទូលាយ អំពីភាពចាំបាច់និងប្រទាក់ក្រឡាគ្នា នៃវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិ ទាំងនៅកម្ពុជា និយាយដោយឡែក និងនៅក្នុងអនុតំបន់ទន្លេមេគង្គ និយាយជារួម។

ទាក់ទងនឹងការងារអភិរក្ស ឯកឧត្តមរដ្ឋមន្ដ្រី​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញថ្នាក់ជាតិ​ អាជ្ញាធរថ្នាក់ក្រោមជាតិ​ កងកម្លាំង​ ដៃគូពាក់ព័ន្ធ​ និងប្រជាពលរដ្ឋ​ ដែលបានខិតខំប្រឹងប្រែងចូលរួមថែរក្សា​ធនធានធម្មជាតិ។ ភាពជោគជ័យនៃការងារនេះ ស្ដែងឱ្យឃើញតាមរយៈកំណើនសត្វផ្សោតទន្លេមេគង្គ​ ដែលជារតនសម្បត្តិប្រទេសកម្ពុជា​ និងវត្តមានផ្សោតសមុទ្រ​ ផ្សោតផ្កាឈូក​ ជ្រូកទឹក​ ក្រពេីភ្នំ និងជីវចម្រុះផ្សេងៗទៀត​ ដែលជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា​។ 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តដល់យុវជនទាំងអស់ ស្វែងយល់ និងចូលរួមផ្សព្វផ្សាយ ​ចែករំលែកអំពីធនធានល្អៗរបស់កម្ពុជា​ សំដៅលេីកកម្ពស់ការអភិរក្សធនធានធម្មជាតិ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការងារដែលក្រសួងកំពុងធ្វើដោយទទួលបានលទ្ធផលល្អ ក្រសួងនឹងបន្តធ្វើបន្ថែមទៀត ហើយធ្វើឱ្យកាន់តែប្រសើរ។ ចំណែកអ្វីដែលនៅមានភាពខ្វះចន្លោះ ក្រសួងស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីធានាឱ្យបាននូវនិរន្ដរភាពធនធានធម្មជាតិ និងស្របតាមគោលនយោបាយរបស់ក្រសួងគឺធានាថា ប្រជាជនខ្មែរ «មានហូប មានបាន មានប្រើ និងមានរហូត»៕

Other News
slide 5 to 7 of 12