ផ្លូវលំពីរខ្សែដែលមានប្រវែង ៥.៨០៨ ម៉ែត្រស្ថិតនៅភូមិជ្រៃត្នោត ស្រុកត្រាំកក់ ត្រូវកាត់ខ្សែបូសម្ភោធជាផ្លូវការកាលពី ដើមសប្តាហ៍ដោយឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់អ្នកភូមិទាក់ទងទៅនឹងផលប្រយោជន៍នៃផ្លូវលំជនបទនៅក្នុងពិធីនេះថា ផ្លូវលំពីរខ្សែរនេះ គឺជាសសៃឈាមសេដ្ធកិច្ចជនបទដែលវាមិនត្រឹមតែជួយសំរួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ប៉ុណ្ណោះទេ តែវាក៏ជាការធ្វើសមាហរណកម្មជនបទទៅទីប្រជុំជន និងទីក្រុងផងដែរ។
ឯកឧត្តមបានផ្តាំផ្ញើដល់អជ្ញាធរ ដែនដី និងប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាផ្លូវនេះឳ្យបានល្អ និងកសាងបន្ថែមទៀតដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ យើងហើយទន្ទឹមនឹងនេះក៏ត្រូវខិតខំដាំដើមឈើគ្រប់ប្រភេទនៅតំបន់ដីទំនេរ ជាពិសេសនៅតាមដងផ្លូវ។ ឯកឧត្តមបានជំរុញ ឱ្យក្រុមការងារចលនាប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើឱ្យបានច្រើននៅក្នុងមូលដ្ឋានដើម្បីការពារ បរិស្ថាន និងការពារហូរច្រោះដីផ្លូវផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីផលប្រយោជន៍នៃដើមឈើថា ស្លឹករបស់វាផ្តល់នូវជីជាតិដល់ដី ស្រែរបស់កសិករយើង។ ដូច្នេះយើងត្រូវប្រើប្រាស់ស្លឹកឈើធ្វើជាជីប្រសើរជាងយើងទិញជីគីមី។ កាលណាយើងមាន ព្រៃឈើយើងក៏មានទឹកភ្លៀង ហើយកសិកម្មរបស់យើងក៏មានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរថា មកដល់ ពេលនេះស្រុកត្រាំកក់ធ្វើស្រូវបាន ៣៦.០០០ ហិកតាលើផែនការចំនួន ៣៤.០០០ ហិកតា។
ទោះបីជាយ៉ាងនេះក្តីឯកឧត្តមបានផ្តាំផ្ញើថាការងារដែលត្រូវធ្វើបន្តទៀតគឺបញ្ហាទឹកត្រូវពង្រឹងភ្លឺស្រែរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់ និងខិតខំស្វែងរកស្លឹកឈើដើម្បីគ្របដីស្រែតាមចន្លោះគុម្ភស្រូវ ដែលវាជួយឱ្យដីសើមជានិច្ចផង និងផ្តល់ដីជល់ស្រូវផង ប៉ុន្តែក៏ត្រូវកម្ចាត់ស្មៅនៅតាមស្រែ ឱ្យបានស្អាតផងដែរ។ ហើយកុំភ្លេចប្រីជីកំប៉ុសទឹកបាញ់ទៅលើស្រូវរៀងរាល់សប្តាហ៍។
ឯកឧត្តមរដ្ធមន្ត្រី ក៏បានរំលឹកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន សែន ដែលជំរុញផលិតកម្មស្រូវដើម្បីជំរុញការនាំចេញឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋក្នុងស្រុកនោះដែលមានគោញីល្អត្រូវបំប៉នត្រៀមសម្រាប់ការបង្កាត់ពូជ ដោយឥតគិតថ្លៃដើម្បីជំរុញឱ្យមានការរីកចម្រើនលើការបង្កាត់ពូជគោសិប្បនិម្មិតនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ថវិការបន្ថែមចំនួន ២.៨០០.០០០រៀលដើម្បីបង្គ្រប់ដល់ការធ្វើផ្លូវនេះ ផងដែរ។