នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការងារគម្រោង មជ្ឈមណ្ឌលជំរុញកសិកម្មកម្ពុជា-ចិន វិនិយោគដោយក្រុមហ៊ុន FORWORD ដែលមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលជំរុញកសិកម្មកម្ពុជា-ចិន នេះវិនិយោគនៅលើដីប្រមាណ ២០ហិកតា ជាឧទ្យានគំរូបច្ចេកវិទ្យាកសិកម្មកម្ពុជា-ចិន ក្នុងនោះមានការដាំស្រូវ ដាំបន្លែ ផ្លែឈើ ទំពាំងបាយជូ ផ្លែស្រកានាគ ផលិតកម្មក្នុងផ្ទះកញ្ចក់ ស្រះដាំផ្កាឈូក ចិញ្ចឹមត្រី តំបន់ចិញ្ចឹមសត្វ និងមានតំបន់បង្ហាញសមិទ្ធិផលនិង បណ្តុះបណ្តាលផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរអប្សរាក៏បានសហការ សម្របសម្រួលក្នុងការរៀបចំជាសហគមន៍ភូមិធម្មជាតិ ដើម្បីលើកស្ទួយជីវភាពកសិករក្រីក្រដែលរស់នៅក្នុងតំបន់អង្គរ ឲ្យងាកមកប្រកបរបរ កសិកម្មតាមបែបធម្មជាតិ ព្រមទាំងរៀបចំសេវាផ្គត់ផ្គង់ផលិតផលកសិកម្មទាំងនោះទៅកាន់ទីផ្សារ នៅក្នុងទីរួមខេត្តសៀមរាបផងដែរ។