ក្នុងកាល:ទេស:ដែលសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ឲ្យបង្កើនការយកចិត្តទុកប្រែក្លាយវិបត្តិនេះ ទៅជាឱកាសដ៏មានតម្លៃសម្រាប់បង្កើនផលិតភាពផលិតកម្មកសិកម្ម (បន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងដាំដំណាំ) រួមទាំងការកែច្នៃ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ ធានាបានទាំងបរិមាណ និងគុណភាពទាំងជាលក្ខណ:គ្រួសារ និងពាណិជ្ជកម្ម ធានាសន្តិសុខស្បៀងទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត បង្កើតការងារ និងបង្កើនប្រាក់ចំណូល។ ហេតុផលនេះ ក្នុងរយ:ពេលកន្លងមក ក្រសួងបានជំរុញឲ្យគ្រប់តួអង្គពាក់ព័ន្ធ គិតគូយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល ហើយពិតណាស់អ្វីដែលក្រសួងបានខិតខំគឺសម្រេចទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
ទី១- ថ្ងៃទី១៧ ខែកក្កដា មានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងការចុះអនុស្សរណ: យោគយល់គ្នារវាងវិស័យសាធារណ: ឯកជន ដៃគូអភិវឌ្ឍន៍ និងផលិតករ" ។
ទី២- ថ្ងៃទី១៥ ខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី "ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd។
ទី៣- ថ្ងៃទី២៥ ខែមិថុនា មានពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែក ចាយផលិតផលកសិកម្ម។
ទី៤- ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ការចុះហត្ថលេខាពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"
សមិទ្ធផលសំខាន់ៗទាំងអស់នេះ មិនមែនជាមោទនភាពតែក្រសួងកសិកម្ម រុក្ខប្រមាញ់ និងសាទ តែគឺជាមោទនភាពរបស់ប្រទេសជាតិយើង ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាយករដ្ឋមន្រ្តី ដែលលោកតែងតែគាំទ្រ និងលើកទឹកចិត្តដល់ក្រសួងគ្រប់ពេលវេលា និងគ្រប់កាល:ទេស:។ យោងលើសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនថ្នាក់ ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហការដ៏ប្រពៃនេះនឹងនៅតែបន្ត ក្នុងឆន្ទ: ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០ និង២០៥០។