ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចូលរួមអង្គសន្និបាតកំណើតដំបូងរបស់សមាគមអភិរក្ស និងលើកកម្ពស់គុណសម្បត្តិប្រហុកសៀមរាប បឹងទន្លេសាប នៅក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ០៧ មេសា ២០២៥ 520

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី ចម និម្មល និងលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្នុងអង្គសន្និបាតកំណើតដំបូងរបស់សមាគមអភិរក្ស និងលើកកម្ពស់គុណសម្បត្តិប្រហុកសៀមរាប បឹងទន្លេសាប នៅក្នុងសកលវិទ្យាល័យអង្គរសៀមរាប ដែលកម្មវិធីនេះបានការជួយឧបត្ថម្ភពីអង្គការ UNIDO-CAPFish។ 
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ១- ពិនិត្យ និងអនុម័តលើលក្ខន្តិក:សមាគម ។ ២- ពិនិត្យ និងអនុម័តលើរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ " ប្រហុកសៀមរាប " និង ៣- ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន អនុប្រធានគណ:កម្មាធិការប្រតិបត្តិនៃសមាគមប្រហុកសៀមរាប។ ជាលទ្ធផលលក្ខន្តិក:សមាគមត្រូវបានអនុម័ត ហើយប្រធាន-អនុប្រធានទាំងក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការប្រតិបត្តិ ត្រូវបានអង្គសន្និបាតធ្វើការបោះឆ្នោតជ្រើសរើស។ 
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ជំហានបន្ទាប់ ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្មសមាគមនឹងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ ហើយផលិតផលប្រហុកសៀមរាបនឹងត្រូវចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញហៅកាត់ថា GI បន្ទាប់មកនឹងត្រូវប្រកាសជាផ្លូវការនូវផលិតផល GI នេះនៅក្នុងព្រឹត្តិការណ៍ "ថ្ងៃកម្មសិទ្ធិបញ្ញាពិភពលោក" ដែលគ្រោងនឹងរៀប ចំប្រារព្ធនៅដើមខែឧសភា ឆ្នាំ២០២៥ ក្នុងដឹកដីខេត្តសៀមរាប។ 
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានរំលេចជូនផងដែរថា ការរៀបចំចងក្រងអ្នកផលិតប្រហុកសៀមរាប ឱ្យទៅជាសមាគម និងចុះបញ្ជី GI គឺដើម្បីនាំយកផលិតផលដែលមានកិត្យានុភាព ជាកេរ្តិ៍មរតកពីដូនតា និងជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់អ្នកស្រុកខេត្តសៀមរាបឱ្យកាន់តែល្បីរន្ទឺខ្ទរខ្ទារទូទាំងប្រទេស និងនៅលើទីផ្សារអន្តជាតិនាពេលអនាគត។ ម្យ៉ាង វិញទៀត វាគឺជាឱកាសសម្រាប់សមាគមក្នុងការបង្កើនផលិតភាពផលិតកម្មប្រហុក បង្កើតការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែមាននិរន្តរភាព ថែមទាំងធ្វើការការពារ ថែរក្សា និងអភិរក្សធនធានមច្ឆជាតិ ដែលជាវត្ថុធាតុដើមដ៏មានតម្លៃមិនអាចខ្វះបានក្នុងខ្សែច្រវាក់ផលិតកម្មប្រហុកទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

Other News
slide 5 to 7 of 12