កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក Williams Matthews ប្រធានក្រុមហ៊ុន Moo Moo Co,.LTD ចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការជំរុញការចិញ្ចឹមគោយកទឹកដោះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅកម្ពុជា។ លោក Williams Matthews បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសឲ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងធ្វើការសាកល្បងលើការចិញ្ចឹមគោយកទឹកដោះ ចំនួន ២៥ ក្បាល ដើម្បីផ្សាំគោទាំងនោះទៅនឹងអាកាសធាតុរបស់កម្ពុជា។ក្រោយពីបានសាកល្បងចិញ្ចឹមមួយរយៈមក លោកបានជម្រាបថាគោទាំងនោះមានសុខភាពល្អ និងអាចទប់ទល់ទៅនឹងអាកាសធាតុកម្ពុជាបាន។ ក្រុមហ៊ុនរបស់លោកបានចាប់អារម្មណ៍ផ្លាស់ប្តូរពីការផលិតម្សៅទឹកដោះគោទៅជាទឹកដោះស្រស់ ហើយលោកមានផែនការនាំចូលគោបន្ថែមចំនួន ៣០០ក្បាល នៅក្នុងឆ្នាំ២០១៧ ខាងមុខ នេះ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងក្តីរីករាយ ដែលក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងមានការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ការចិញ្ចឹមគោយកទឹកដោះនេះ ជាជំហានមួយថ្មី ដើម្បីកាត់បន្ថយការនាំចូល និងលើកកម្ពស់ការផលិតក្នុងស្រុក ហើយឈានទៅបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យស្វែងយល់នូវបច្ចេកវិទ្យាទំនើបៗ នៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនផ្តល់អាទិភាពដល់និស្សិតដែលបញ្ចប់ការសិក្សាពីមុខវិជ្ជាជំនាញបសុសត្វ ក្នុងការបម្រើការងារនៅក្នុងកសិដ្ឋាននេះ ដើម្បីលើកស្ទួយធនធាន មនុស្សនៅកម្ពុជា ឲ្យកាន់តែមានភាពជឿនលឿន ហើយឈានទៅពង្រីកការចិញ្ចឹមគោយកទឹកដោះនៅតាមតំបន់ផ្សេងៗទៀតនៃកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។