កម្មវិធីទី៦៖
ឈានចូលកម្មវិធីទី៦ ជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហ ការីមកកាន់ខេត្តស្វាយរៀង។ កម្មវិធីចុងក្រោយនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរជាមួយដោយលោក សេង សីលា អភិបាលរងខេត្ត បានអញ្ជើញមកពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង (SAC Shipping Center) ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ។ បងស្រី ម៉ៅ ស៊ីថា ប្រធានមជ្ឈមណ្ឌលបានឲ្យដឹងថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយបានទទួលជំនួយឧបត្ថម្ភពីអង្គការ International Volunteers of Yamagata (Japan) ក្នុងគោលបំណងជួយដល់ស្រ្តីមេម៉ាយ និងងាយរងគ្រោះ តាមរយ:ការងារដាំដុះបន្លែ ហើយមជ្ឈមណ្ឌលទទួលទិញ រួចវេចខ្ចប់ដឹកជញ្ជូនមកកាន់ទីផ្សារ។ បច្ចុប្បន្នមានទុនបំរុងជាង ១០០លានរៀល មានសមាជិកដាំបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យមជ្ឈមណ្ឌលចំនួន ៣២៨គ្រួសារ និងបុគ្គលិកធ្វើការផ្ទាល់ក្នុងមជ្ឈមណ្ឌលមានចំនួន ១៧នាក់។ ចំណូលជាមធ្យម ៣៥លានរៀលក្នុងមួយខែ។ បង ស្រីបន្តថា បច្ចុប្បន្នការបញ្ជាទិញបន្លែគ្រប់ប្រភេទពីគ្រប់មជ្ឈដ្ឋាន ពិសេសផ្សារទំនើបអេអ៊ន (AEON Supper Market) មានការធ្លាក់ចុះច្រើន។
ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរ និងលើកទឹកចិត្តឲ្យប្រធាន និងសមាជិកមជ្ឈមណ្ឌល ព្រមទាំងសមាជិកគ្រប់គ្នាឲ្យឆ្លងផុតពីវិបត្តិនេះ ហើយត្រូវខិតខំបន្ថែមទៀតដើម្បីនិរន្តរភាពអាជីវកម្ម និងជាពិសេសដើម្បីជួយដល់សមាជិកអ្នកដាំបន្លែឲ្យនៅបន្តរហូត។ លោកក៏បានណែនាំឲ្យនាំគ្នាគិតគូកែច្នៃផលិតផលទាំងនេះបន្ថែមដូចជាធ្វើជ្រក់ ឬក្រៀម ក្រៅពីលក់ផលិតផលស្រស់។