នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចពិភាក្សាការងារជាមួយសមាជិកពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល់ រួមមានតំណាងក្រុមហ៊ុនចំនួន២០ ដែលដឹកនាំដោយលោក LIU Wenhu នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងយល់អំពីស្ថានភាពវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងដៃគូពាណិជ្ជកម្ម ព្រមទាំងឱកាសក្នុងការធ្វើវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។
ឯកឧត្ដម ប្រាក់ ដាវីដ មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ និងត្រៀមសហការសម្របសម្រួលជាមួយសមាជិកពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល់ ដែលមានបំណងដាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។ ឯកឧត្តមគូសបញ្ជាក់ជូនសមាជិកពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល់ អំពីគោលនយោបាយសំខាន់ៗរបស់ក្រសួងចំនួន៣ រួមមាន៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ការដាក់មន្រ្តីកសិកម្មឃុំនៅតាមឃុំ និងការរក្សាស្ថិរភាពតម្លៃកសិផល។
ជាមួយនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងអំពីមុខកសិផលដែលមានសក្ដានុពលសម្រាប់ការវិនិយោគកែច្នៃ និងការធ្វើពាណិជ្ជកម្ម ព្រមទាំងបញ្ជាក់ជូនផងដែរថា កម្ពុជាមានច្បាប់វិនិយោគ ដែលផ្ដល់ជូនវិនិយោគិននូវការលើកទឹក ចិត្តជាច្រើន ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។
ពាក់ព័ន្ធនឹងតម្រូវការព័ត៌មានជាក់លាក់អំពីបែបបទបច្ចេកទេស លក្ខខណ្ឌអនាម័យ ភូតគាមអនាម័យសម្រាប់នាំចេញ-នាំចូលកសិផល និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម ឯកឧត្ដមប្រធានអង្គជំនួបពិភាក្សា បានស្នើឱ្យសមាជិកពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល់ ទាក់ទងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទាល់ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា ដែលមានអន្តេវាសិកដ្ឋាន នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក៕