នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម និងការប្រមូលផលស្រូវក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីផលិតកម្មដំណាំស្រូវ ដែលក្នុងនោះខេត្តបាត់ដំបង បាននិងកំពុងផលិតលើសផែនការប្រមាណ៣៣០% ដែលធ្វើឲ្យមានបញ្ហាប្រឈមដូចជា បញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព ការព្រួយបារម្មណ៍ពីការប្រមូលផលក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន/វៀតណាម និងបញ្ហាទីផ្សារធ្លាក់ថ្លៃជាដើម ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អង្គប្រជុំត្រូវជំរុញការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់ផលចំនេញជាច្រេីនដល់ប្រជាកសិករ ការប្រើប្រាស់ពូជសុទ្ធក្នុងស្រុក និងការប្រើប្រាស់ជីថ្នាំកសិកម្ម តាមបច្ចេកទេសត្រឹមត្រូវ ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្ត ត្រូវធ្វើការប្រមូលស្ថិតិក្នុងឃុំ-ស្រុកទាក់ទងនិងការជួលដីធ្វើផលិតកម្មដំណាំស្រូវ ការប្រេីប្រាស់ពូជ និងជីថ្នាំកសិកម្មរបស់ប្រជាកសិករ ដោយសម្របសម្រួលឱ្យទទួលបានផលចំនេញទាំងអស់គ្នា ជំរុញផ្សព្វផ្សាយពីការធ្វេីផលិតកម្មដំណាំស្រូវតាមលក្ខណៈបច្ចេកទេសទិន្នផលទទួលបានតម្លៃក្នុងទីផ្សារ និងគុណភាពផលិតផល ជាពិសេសផ្តល់ស្ថិតិទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបរិមាណដែលពួកគាត់អាចមានសមត្ថភាពជួយអន្តរាគមន៍ប្រមូលទិញស្រូវពីប្រជាកសិករទាន់ពេលវេលា៕