នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក Istvan Bakos ទីប្រឹក្សា និងជាភារធារីនៃស្ថានទូតហុងគ្រី ដែលជំនួបធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃកិច្ចពិភាក្សាបានលើកឡើង ស្តីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគរបស់វិស័យឯកជន ប្រទេសហុងគ្រីនៅប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ភាគីហុងគ្រី បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបង្ហាញពីបំណងរបស់វិស័យឯកជនហុងគ្រីក្នុងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម ហុង ណារិត បានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនហុងគ្រី និងបានជម្រាបជូនភាគីហុងគ្រីផងដែរ អំពីគោលនយោបាយអទិភាពរបស់ក្រសួងកសិកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងបង្ហាញពីជំហររបស់ក្រសួងក្នុងការជួយគាំទ្រវិនិយោគិនហុងគ្រី ក្នុងការវិនិយោគនៅកម្ពុជា ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕