នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ ដែលមាន លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកំពង់ធំ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង និងខាងជើងបឹងទន្លេសាប គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ក្រូច សុខុន អភិបាលរងស្រុក ព្រមទាំងកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
តាមរយៈការចុះពិនិត្យជាក់ស្តែង សង្កេតឃើញថា បងប្អូនប្រជានេសាទប្រមាណ ៩០ភាគរយ បានចូលរួមគោរព និងអនុវត្តច្បាប់បានយ៉ាងល្អប្រសើរ។ យ៉ាងណាមិញ នៅតែមានបទល្មើសមួយចំនួនតូចកើតឡើង ដូចជាការដាក់របាំងលើសប្រវែងកំណត់ និងការលួចប្រើប្រាស់របាំងសាច់អួនក្រឡាល្អិតជាដើម។
ក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែង នៅចំណុច "ជ្រោយស្តី" កម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន ១ករណី ដោយរឹបអូស និងបំផ្លាញចោលនូវ៖ របាំងសាច់អួនក្រឡាល្អិត ចំនួន ៤ខ្សែ (ប្រវែង ២៧០ម៉ែត្រ) លូកងសាច់អួន ចំនួន ៤មាត់ បង្គោល ចំនួន ៥២ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។
នាឱកាសនោះដែរ ឯកឧត្ដម ប៉ែន ផល្លីកា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មជាប្រចាំ «ដូចភ្លៀងរលឹម» ដើម្បីការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕