នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ព្រំ សុមានី ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ចលើកទី១២ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ក្នុងនាមជាសមាជិកអនុគណៈកម្មការសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
កិច្ចប្រជុំនេះរៀបចំធ្វើនៅខេត្តអាតាពើ ប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធមកពីបណ្តាប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម ដោយបានពិនិត្យទៅលើវឌ្ឍនភាពនៃការអនុវត្តផែនការមេ លើការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ នៃខេត្តទាំង១៣ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំង៣ បន្ទាប់ពីផែនការមេបានអនុម័តដោយថ្នាក់ដឹកនាំកំពូលទាំង៣ប្រទេស កាលពីឆ្នាំ២០២២កន្លងមក។
សូមបញ្ជាក់ថា អង្គប្រជុំក៏បានស្នើឱ្យប្រទេសទាំង៣ និងជាពិសេសខេត្តគោលដៅទាំង១៣ បន្តកិច្ចសហការណ៍ល្អក្នុងការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងគាំទ្រនូវការវិនិយោគលើវិស័យកៅស៊ូ ដោយផ្តោតទៅលើការលើកកម្ពស់គុណភាព និងបច្ចេកទេសកែច្នៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ៕