នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីពិភាក្សាអំពីដំណើការរៀបចំវេទិកាពិភាក្សា ស្តីពី «រសជាតិកសិផលខ្មែរ»។ វេទិកាពិភាក្សានេះ នឹងរៀបបចំធ្វើនៅទីស្តីការក្រសួង នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីវាគ្មិនដែលនឹងត្រូវចូលរួមនៅក្នុងកិច្ចពិភាក្សា រួមមានអ្នកផ្គត់ផ្គង់ត្រី សាច់ បន្លែ អ្នកកែច្នៃកសិផលឱ្យទៅជាផលិតផលសម្រេច និងម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍។
ការពិភាក្សាធ្វើឡើងយ៉ាងផុលផុស ដើម្បីឱ្យវាគ្មិនទាំងអស់បានយល់ពីគ្នាកាន់តែច្បាស់ និងអំពីខ្សែច្រវាក់តម្លៃ ក៏ដូចជាផលិតកម្មនៃកសិផលខ្មែរ ក្នុងគោលដៅជំរុញការប្រើប្រាស់កសិផលខ្មែរ ឱ្យកាន់តែច្រើនក្នុងការចម្អិនម្ហូបអាហារសម្រាប់បម្រើដល់កម្មវិធីធំៗនៅក្នុងប្រទេស ជាពិសេសពិធីអាពាហ៍ពិពាហ៍ ដែលមានតម្រូវការផលិតផលកសិកម្មច្រើន។
សូមជម្រាបថា វេទិកាពិភាក្សាស្តីពី «រសជាតិកសិផល» ជាផ្នែកមួយនៃពិព័រណ៍កសិកម្ម«ភូមិកសិផលខ្មែរ» ដែលរៀបចំធ្វើរយៈពេល២ថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១នៃកម្ពុជា៕