ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាសម្រាប់ផ្តល់ធាតុចូលក្នុងការរៀបចំយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ======================== នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងការពិភាក្សាលើសេចក្តីព្រាងធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ២០២៣-២០២៨ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធានអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការពិនិត្យលើឯកសារទស្សនទាន និងស្នើឱ្យអង្គប្រជុំធ្វើការពិភាក្សាដោយយកចិត្តទុកដាក់ពិនិត្យទៅលើធាតុចូលសំខាន់ៗក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសនៅតាមមុំនីមួយៗរបស់បញ្ចកោណទាំង៥។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុល និងទទួលបានធាតុចូលសំខាន់ៗជាច្រើនដើម្បីដាក់បញ្ជូលក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តនេះឱ្យកាន់តែមានគុណវុឌ្ឍិ និងសង្គតិភាព។