នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៥:០០រសៀល ថ្ងៃចន្ទ ១២កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubei Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនាថ្ងៃនេះផ្តោតជាសំខាន់លើប្រធានបទមួយចំនួនមានជាអាទិ៍៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហាប្រឈមនិងសក្តានុពលក្នុងការវិនិយោគក្នុងវិស័យកសិកម្ម ២. លទ្ធភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប (Crawfish) ក្នុងដីស្រែដើម្បីបង្កើតនិងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ ៣. ការរៀបចំ និងចងក្រងកសិកម្មតាមកិច្ចសន្យាក្នុងការចិញ្ចឹមបង្កងជាមួយប្រជាកសិករ និងការផ្ដល់បច្ចេកទេស ពូជ និងទីផ្សារជូនពួកគាត់ ៤. ការរៀបចំក្រុមការងារជំនាញទ្វេភាគីដើម្បីសិក្សា ស្រាវជ្រាវឲ្យបានសម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា។