នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Markus Buerli តំណាង Swiss Cooperation Office ប្រចាំប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះសកម្មភាពគម្រោងទាក់ទងនឹងសហគមន៍ព្រៃឈើនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីអនុវត្ត និងសម្រេចការងារនេះឱ្យមានប្រសិទ្ធភាព គឺត្រូវគោរពភាពជាម្ចាស់ (Ownership) និងកសាងនូវទំនុកចិត្តទាំងអស់គ្នា។
ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ពីការគាំទ្រនូវសកម្មភាពគម្រោងរបស់អង្គការសង្គមស៊ីវិលស្របច្បាប់ ក្រោមគោលការណ៍គោរពគ្នាទៅវិញទៅមក។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី គម្រោងកិច្ចសហប្រតិបត្តិការនានារវាងក្រសួង និងអង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍ ត្រូវចាប់ផ្ដើមតាំងពីគំនិតផ្ដួចផ្ដើមដំបូង មុនពេលសរសេរគម្រោង និងដាក់ឱ្យអនុវត្តជាផ្លូវការ៕