នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ ឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏ចំពោះវត្តមាននៃការជួបពិភាក្សាការងារ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រីដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសនាពេលថ្មីៗនេះ បានបញ្ជូនមន្រ្តីជំនាញមកសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយកសាងសេចក្តីព្រាងកសារទស្សទានស្តីពីកម្រោងក្នុងការជួយជំរុញកំណើនក្នុងវិស័យកសិកម្ម និងការបង្កើនការនាំចេញផលិតផលកសិកម្មតាមរយៈការលើកកម្ពស់ផលិតកម្មកសិកម្ម ការបង្កើនតម្លៃបន្ថែម ការពង្រឹងវិធានការអនាម័យនិងភូតគាមអនាម័យ ពិសេសដើម្បីសម្រួលពាណិជ្ជកម្ម លើផលិតផលកសិកម្មនិងការពង្រីកការប្រកួនប្រជែងទីផ្សារ។ ការពិភាក្សាការងារគឺបានផ្តោតទៅលើការជម្រុញដល់ភាគីកម្ពុជាក្នុងការបញ្ចូនឯកសារដែលបានរៀបចំហើយកន្លងមក ឲ្យបានឆាប់ទៅភាគីរដ្ឋាភិបាលហុងគ្រី ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្តមឯកអគ្គរដ្ឋហុងគ្រីបានបញ្ចាក់សារជាថ្មីម្តងទៀតថាគម្រោងនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយនាំផលិតផលកសិកម្មកម្ពុជាទៅកាន់សហភាពអ៊ឺរ៉ុបនៅពេលខាងមុខ ។