នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) លោកបណ្ឌិត Shetty Seetharama THOMBATHU និងមន្ត្រីបច្ចេកទេស ដើម្បីត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលសមុទ្រ តាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ បានអរគុណដល់លោកបណ្ឌិត Shetty Seetharama THOMBATHU និងក្រុមការងារបច្ចេកទេស ដែលបានសហការជាមួយក្រសួង ដឹកនាំអ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ចុះធ្វើទស្សនកិច្ចសហគ្រាសកែច្នៃផលិតផលជលផលក្រោយប្រមូលផល ក្រោមគម្រោង CAPFish កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចកាលពីខែកញ្ញា ឆ្នាំ២០២៣ បានទទួលជោគជ័យគាប់ប្រសើរ ហើយលោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានដែលនឹងរៀបចំនាពេលខាងមុខនេះ នឹងទទួលបានការចូលរួមកាន់តែផុលផុសពីសំណាក់អ្នកសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយអំពីផលិផលជលផលក្រោយប្រមូលផលឲ្យសាធារណជនបានស្គាល់និងជួយគាំទ្រ ទាក់ទាញអ្នកវិនិយោគនៅក្នុងវិស័យនេះឲ្យបានកាន់តែច្រើន និងជំរុញការនាំចេញទៅក្រៅប្រទេស។
ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) លោកបណ្ឌិត Shetty Seetharama THOMBATHU បានថ្លែងតាមរយៈអ្នកបកប្រែថា ការរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១ បានថ្លែងអំណរគុណលោកជំទាវ អ៊ឹម រចនា ដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានដំណើរទស្សនកិច្ចលើកទី១ កាលពីឆ្នាំមុន ហើយបានទទួលលទ្ធផលលើសពីការរំពឹងទុក។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ លោកបណ្ឌិតបញ្ជាក់ថា មានអ្នកចូលមើលព័ត៌មានពាក់ព័ន្ធនឹងការកែច្នៃផលិតផលជលផល ក្រោយប្រមូលផលបានជាង១លាននាក់ នៅក្នុងរយៈពេលត្រឹមតែ៣យប់ ៤ថ្ងៃ។
តាមស្មារតីអង្គប្រជុំ និងបើគ្មានការប្រែប្រួលណាមួយទេ គម្រោងដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលសមុទ្រ អាចរៀបចំធ្វើនៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខ នៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនជាប់មាត់សមុទ្រ ដោយគ្រោងអញ្ជើញអ្នកសារព័ត៌មានប្រមាណ ២៥ស្ថាប័ន ចូលរួមផ្តិតយករូបភាព និងថតជាវីដេអូ ដើម្បីផលិតព័ត៌មានផ្សព្វផ្សាយជូនសាធារណជន៕