ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំប្រជុំពិភាក្សាលើផែនការពង្រាងសម្រាប់ការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ====================== នារសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការសម្រាប់ការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានពិនិត្យមើលលម្អិតលើផែនការពង្រាងដែលបានរៀបចំ និងបានផ្តល់អនុសាសន៍កែសម្រួលនូវចំណុចមួយចំនួនដើម្បីធានាឱ្យដំណើរការសន្និបាត ប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានផ្លែផ្កា។ សម្រាប់សន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថានឹងទទួលបានធាតុចូលដែលរួមចំណែកក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម ពីបណ្តាក្រសួងឬស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាណិជ្ជកម្ម សម្រាប់រៀបចំផែនការអនុវត្តនៅឆ្នាំបន្តទៀត៕