នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។ ការប្តេជ្ញាចិត្តនិងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រសួងនឹងផ្តល់ការគាំទ្រ លើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕