ចាប់ពីថ្ងៃទី១៧-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងខេត្ត បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីជំរុញការអនុវត្តគម្រោង CaWSIP សំដៅបង្កើនស្ថិរភាពសន្តិសុខទឹក និងលើកកម្ពស់ផលិតភាពកសិកម្មទំនើប។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានជួបពិភាក្សាជាមួយតំណាងសហគមន៍កសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍន៍ រដ្ឋបាលមូលដ្ឋាន និងបណ្ដុំកសិករអ្នកផលិត ដើម្បី (១).កំណត់ទីតាំងដែលមានសក្តានុពលក្នុងការអនុវត្តដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់ស្រោចស្រព (២).កំណត់បាននូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ ដែលសមស្របសម្រាប់ការសាកល្បង និងធ្វើបង្ហាញជាក់ស្ដែងជាមួយដំណាំសក្តានុពលនីមួយៗ និង (៣).ជ្រើសរើសកសិករគោលដៅ និងអ្នកពាក់ព័ន្ធ ដែលមានឆន្ទៈ និងសក្តានុពលខ្ពស់ ក្នុងការចូលរួមអនុវត្តគម្រោងជាមួយក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរកសិកម្មខេត្តទាំងពីរ។
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីគាំទ្រស្នូលរបស់គម្រោង CaWSIP ដើម្បីជួយកសិករប្រឈម និងបញ្ហាប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ «គម្រោងនឹងផ្ដល់ជំនួយសំខាន់ៗ រួមមាន៖ ការផ្ដល់ផ្ទះសំណាញ់ (Net House) ដើម្បីជួយការពារដំណាំពីសត្វល្អិត និងអាកាសធាតុអាក្រក់ ព្រមទាំងជំរុញការផលិតដែលមានគុណភាព។ ម្យ៉ាងវិញទៀត គម្រោងនឹងចងក្រងបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹងកសិករក្នុងការអនុវត្តបច្ចេកទេស និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ប្រកបដោយប្រសិទ្ធភាព។
ក្នុងដំណើរបំពេញការងារនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារ ក៏បានចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងចំនួន១៣ទីតាំង និងសម្ភាសន៍តំណាងសហគមន៍ និងកសិករដែលមានឆន្ទៈចូលរួម ដើម្បីធានាថាការជ្រើសរើស និងការអនុវត្តត្រូវស្របតាមលក្ខខណ្ឌដែលបានកំណត់៕