ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ =========================== នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនៃក្រសួង បានទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងជំនួបពិភាក្សាអំពីការវិនិយោគលើដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យជួបពិភាក្សាជាមួយសមាគមកៅស៊ូដែលស្ថិតនៅក្នុងស្រុកមេមត់ ដើម្បីទទួលបានការណែនាំពីដំណោះស្រាយបច្ចេកទេស និងការសម្របសម្រួលមន្ទីរពិសោធន៍ លើការត្រួតពិនិត្យគុណភាពកៅស៊ូ។ ចំពោះការវិនិយោគលើដំណាំផ្សេងៗទៀត ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនធ្វើសំណើមកក្រសួង បង្ហាញលម្អិតអំពីគម្រោងនីមួយៗរបស់ខ្លួន ដើម្បីឱ្យក្រសួងពិនិត្យនិងអន្តរាគមន៍តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងសេដ្ឋកិច្ច។ សូមរំលឹកផងដែរថា ក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ)ទទួលបានអាជ្ញាបណ្ណវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ២.៧១៤ ហិកតា និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ទទួលបានការវិនិយោគសម្បទានដីសេដ្ឋកិច្ចសរុបទាំង ៣សាខាសរុបប្រមាណ ៦.៥២៨ហិកតា នៅខេត្តក្រចេះ ដែលធ្វើការវិនិយោគលើការដាំកៅស៊ូ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី៕