ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានចំណាយពេលវេលា ក្នុងការស្វែងរក ជ្រើសរើស និងអភិវឌ្ឍពូជស្វាយចន្ទី អឹម-២៣។ ការរកឃើញនៅក្នុងឆ្នាំ២០០៤ និងអភិវឌ្ឍពូជស្វាយចន្ទី អឹម-២៣ ដែលមានគ្រាប់ធំ គុណភាពល្អ និងសក្តានុពលផ្តល់ទិន្នផលខ្ពស់ បានក្លាយជាស្នាដៃដ៏គួរឱ្យកោតសរសើរ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យស្វាយចន្ទីនៅកម្ពុជា។
ស្នាដៃនេះ មិនត្រឹមតែជាលទ្ធផលនៃការស្រាវជ្រាវ ដោយផ្ទាល់របស់ឯកឧត្តម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ ដែលអាចបន្តផ្តល់ផលប្រយោជន៍ដល់កសិករ និងវិស័យកសិកម្មកម្ពុជា ដោយបានផ្សព្វផ្សាយចាប់តាំងពីឆ្នាំ២០០៥មក។ កត្តានេះបានជំរុញវិស័យស្វាយចន្ទីកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន មានប្រសិទ្ធភាព និងមានសក្តានុពលខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕