នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សាគម្រោង ដើម្បីប្រមូលធាតុចូលស្តីពី «ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (REEP) » នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំផែនទីបង្ហាញផ្លូវពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិក នៅតំបន់ជនបទ (REEP) ដែលជាជំនួយបច្ចេកទេសពីមូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) និងដើម្បីកំណត់អាទិភាព និងទិសដៅការអនុវត្តគម្រោង REEP ឱ្យស្របតាមតម្រូវការជាក់ស្តែង នៃវិស័យកសិកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ។
នៅក្នុងកិច្ចប្រជុំ លោកជំទាវ យ៉ើ អាស៊ីគីន បានធ្វើការចែករំលែកអំពីគោលនយោបាយឌីជីថលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការអនុវត្តកម្មវិធី CAM-Agri Tech ក៏ដូចជាការឆ្លើយតប និងផ្តល់អនុសាសន៍ លើការការរៀបចំផែនទីបង្ហាញផ្លូវគម្រោង ពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទនេះផងដែរ៕