កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការរងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម រួមជាមួយលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងក្រុមជំនាញការ CIRAD បានចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (បុរខ្នុរ) ស្ថិតនៅស្រុកចំការលើខេត្តកំពង់ចាមដែលមានអ្នកចូលរួមសរុប២០នាក់(ស្រី ៤នាក់)។
សកម្មភាពរបស់ក្រុមការងាររួមមាន៖ ១). បានពិនិត្យលើការពិសោធនៃប្រព័ន្ធដាំដុះដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស ការពិសោធវាយតម្លៃគុណភាពដីក្នុងលក្ខខណ្ឌកសិកម្មអភិរក្ស ការពិសោធវាយតម្លៃពូជដំណាំ ការដាំពង្រីកគ្រាប់ពូជដំណាំគម្របដី និងការបង្ហាញពីសារៈប្រយោជន៍នៃបច្ចេកទេសកសិកម្មអភិរក្សក្នុងការអភិរក្សគុណភាពដីកសិកម្មប្រកបដោយផលិតភាព និងនិរន្តរភាព ២). បានពិនិត្យឧបករណ៍ដាំដោយមិនភ្ជួរដី ឧបករណ៍កិនពង្រាបដំណាំគម្របដីស្រស់ដោយមិនបាច់បាញ់ថ្នាំគីមីបង្រាប និងឧបករណ៍ដាំនិងដកមើមដំឡូងមី និង៣).បានពិនិត្យអាគារសម្រាប់វគ្គបំពាក់បំប៉ន អាគារការិយាល័យ និងឃ្លាំងរក្សាទុកគ្រាប់ពូជដំណាំគម្របដី និងដំណាំផ្សេងៗទៀតសរុបចំនួន៥១ប្រភេទ និងជាង៣០០ពូជ។
សូមបញ្ជាក់ថា កសិកម្មអភិរក្សជាបច្ចេកទេសដែលជួយអភិរក្សដីកសិកម្មដោយរក្សានូវស្ថេរភាពនៃគុណភាពដី សុខភាពដី និងផលិតភាពដី។ វាមានគោលការណ៍អនុវត្តន៍៣សំខាន់ៗគឺ៖ ការដាំ ដំណាំដោយមិនភ្ជួរដី ការរក្សាឱ្យមានគម្របដីជាប្រចាំ និងការដាំដំណាំបង្វិល។ ការវិវត្តន៍ថ្មីនៃបច្ចេកទេសកសិកម្មអភិរក្សគឺ ការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជំនួសដោយការប្រើដំណាំគម្របដីស្រស់វិញ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មតាមរយៈទូរស័ព្ទលេខ ០១២ ៨០៤ ១៨១។