នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Shi Yongping ប្រធានសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តជើជាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាព ស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យកសិកម្ម។
ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សមាគម ក្នុងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ការចិញ្ចឹមបង្គារ ការចិញ្ចឹមត្រចៀកកាំ និងការនាំចូលជីកសិកម្ម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ដំណើរការវិនិយោគ ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ និងជម្រាបព័ត៌មានសំខាន់ៗចំនួន៣ចំណុចដល់ភាគីចិន ដែលមានដូចជា៖ ទី១.គោលនយោបាយលើកទឹកចិត្តវិនិយោគិន៖ រាជរដ្ឋាភិបាលកម្ពុជាមានច្បាប់វិនិយោគថ្មី និងការផ្ដល់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។
ទី២.នីតិវិធីអាជីវកម្ម៖ បានណែនាំអំពីនីតិវិធីចុះបញ្ជី ការកែច្នៃ និងប្រព័ន្ធឡូជីស្ទិក សម្រាប់ការចិញ្ចឹមបង្គារ ត្រចៀកកាំ និងការនាំចូលជីថ្នាំ សម្ភារៈ និងគ្រឿងយន្តកសិកម្ម និងទី៣. ការនាំចេញកសិផល៖ បានផ្តល់ពត៌មានស្តីពីកសិផលអាទិភាព ដែលអាចនាំចេញត្រង់ទៅប្រទេសចិនបាន ដែលកម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការតាមរយៈ ពិធីសារជាមួយអគ្គរដ្ឋបាលគយនៃប្រទេសចិនរួចហើយ។
ជាការឆ្លើយតប លោក Shi Yongping បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអនុរដ្ឋលេខាធិការ ដែលបានផ្តល់នូវអនុសាសន៍ប្រកបដោយចក្ខុវិស័យ។ ក្រុមហ៊ុនប្តេជ្ញាផ្សព្វផ្សាយពីសក្តានុពល ក៏ដូចជាគោលនយោបាយលើកទឹកចិត្ត វិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់វិនិយោគិនចិន ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត៕