នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ក្រុមហ៊ុន LUCKYMALL ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៥០០ គ្រួសារ ដែលជម្លៀសមកទីតាំងសុវត្ថិភាព នៅបរិវេណវត្តទួលអណ្តែត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក មិន សុីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីតែងតែផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំជួយគិតគូរអំពីសុខទុក្ខរបស់បងប្អូនក្នុងគ្រាលំបាកពេលភៀសសឹកគិតពីសង្គ្រាមឈ្លានពាន។ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការពារបូរណភាពទឹកដី អធិបតេយ្យជាតិ មិនឱ្យបរទេសណាឈ្លានពានទឹកដីកម្ពុជាឡើយ។
ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្តព្រះវិហារ លោក មិន ស៊ីថា អភិបាលរងខេត្ត សូមថ្លែងអំណរគុណជ្រាលជ្រាលជ្រៅចំពោះគណៈប្រតិភូ និងក្រុមហ៊ុន LUCKYMALL បង្ហាញពីស្មារតីខ្មែរតែមួយ តាមរយៈផ្តល់ជាស្បៀងអាហារ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ខណៈពេលដែលកំពុងជួបការលំបាកនេះ៕