នារសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នាស្តីពីការខ្ចីសត្វដំរីឡាវ សម្រាប់ការបង្ហាញសិល្បៈ និងផ្លាស់ប្តូរវប្បធម៌នៅសួនសត្វសាហ្វារីនៅរាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសឡាវ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា ឯកឧត្តម ឯកអគ្គរដ្ឋទូតនឹងជួយគាំទ្រ និង ជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរថែមមួយកម្រិតទៀត តាមរយៈការធ្វើទស្សនកិច្ចផ្លូវការ និងការផ្លាស់ប្តូរបទពិសោធន៍លើការងារកសិកម្មចំរុះ ជាពិសេសនៅតំបន់ខ្ពង់រាប ការងារអភិរក្ស និងអភិវឌ្ឍនវិស័យព្រៃឈើ និងជលផល។
នាឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានធ្វើការកោតសរសើរចំពោះល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសំខាន់ៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងការខ្ចីដំរីឡាវ សម្រាប់ការបង្ហាញសិល្បៈ និងផ្លាស់ប្តូរវប្បធម៌នៅសួនសត្វសាហ្វារីនៅរាជធានីភ្នំពេញ លោកបានបញ្ជាក់ថា ភាគីឡាវបានចុះពិនិត្យស្ថានភាពរបស់ដំរីទាំង៩ ដែលខ្ចីមក ហើយពិតជារីករាយចំពោះស្ថានភាព សុខភាព និងការមើលថែទាំដំរីទាំងនោះពីភាគីកម្ពុជា។ ទន្ទឹមនឹងនេះ លោកសន្យាថា នឹងព្យាយាមអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ស្របតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី។