ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ======================== នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។ សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។ នៅឆ្នាំ ១៩៩៦ បន្ទាប់ពីធ្វើការក្នុងភាពជាដៃគូរយៈពេល ៣០ឆ្នាំមក ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងចុងក្រោយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីស្រាវជ្រាវនិងបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយបាននាំយកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅកាន់កម្រិតថ្មីមួយទៀត ក្នុងគោលដៅជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក៕