នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការចូលរួមពីលោកអភិបាលស្រុកវ៉ារិន លោកនាយអធិការ នៃអធិការដ្ឋានស្រុកវ៉ារិន និងលោក លោកស្រីមេឃុំស្រែណូយ និងឃុំល្វាក្រាំង។
ប្រជាពលរដ្ឋភៀសសឹកមកពីស្រុកអន្លង់វែង ខេត្តព្រះវិហារ កំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ស្ថិតនៅជិតសាលាឃុំស្រែណូយ មានចំនួន២០០គ្រួសារ និងវត្តចាន់គីរី ឃុំល្វាក្រាំង ចំនួន១៥៥គ្រួសារ។ ចំពោះស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ បានជួយឧបត្ថម្ភគាំទ្រក្នុងនោះ ដោយមួយគ្រួសារទទួលបាននូវ អង្ករ មី ត្រីខកំប៉ុង ទឹកបរិសុទ្ធ សាប៊ូ និងសម្លៀកបំពាក់មួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានកម្ពុជាក្នុងការការពារដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យបរទេសណាឈ្លានពានឡើយ។ ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកវ៉ារិន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តយកចិត្តទុកដាក់គាំពារ និងជួយសម្រាលការលំបាកផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយឈរលើស្មារតីសាមគ្គីរួបរួមគ្នា៕