លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាមន្ត្រីបង្គោលនៃ IWC ប្រចាំកម្ពុជា កំពុងមានវត្តមាននៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំឆ្នាំនេះ រៀបចំឡើងដោយមានការចូលរួមពីប្រតិភូប្រមាណ ៣០០នាក់ មកពី ៦៣ប្រទេស និងដើម្បីអបអរសាទរខួប ៨០ ឆ្នាំនៃអនុសញ្ញាអន្តរជាតិស្តីពីការគ្រប់គ្រងការនេសាទបាឡែន ឆ្នាំ១៩៤៦ និងខួប ៤០ ឆ្នាំនៃបម្រាមហាមឃាត់ការនេសាទបាឡែនជាលក្ខណៈពាណិជ្ជកម្ម ឆ្នាំ១៩៨៦។
លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា «ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ IWC លើកទី៧០ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការសហការជាមួយអន្តរជាតិដើម្បីការពារជីវៈចម្រុះសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីការពារបាឡែននិងផ្សោត ដែលជាប្រភេទសត្វកម្រ និងរងការគំរាមកំហែង ប្រកបដោយចីរភាព»។
ក្រោមការដឹកនាំរបស់បណ្ឌិត Nick Gales ប្រធាន IWC និងជាតំណាងប្រទេសម្ចាស់ផ្ទះអូស្ត្រាលី កិច្ចប្រជុំរយៈពេល ៥ថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា៖ សំណើបង្កើតដែនអភិរក្សសត្វបាឡែនក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងត្បូង, ការទប់ស្កាត់បញ្ហាបាឡែននិងផ្សោតជាប់ឧបករណ៍នេសាទ, សន្តិសុខស្បៀង, ការកំណត់ល្បឿននាវាដែលបង្កហានិភ័យលើសុវត្ថិភាពបាឡែននិងផ្សោត, និងការអនុម័ត «សេចក្តីប្រកាស Hobart» ដើម្បីកំណត់ទិសដៅអភិរក្សថនិកសត្វសមុទ្រ ជាពិសេសបាឡែននិងផ្សោតនាពេលអនាគត៕