ចាប់តាំងពីឆ្នាំ២០២៣ រដ្ឋបាលជលផលបាននិងកំពុងពង្រឹងប្រព័ន្ធស្ថិតិជលផលថ្នាក់ជាតិ តាមរយៈការប្រើឧបករណ៍ឌីជីថល ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។ នៅជំហ៊ានបឋម រដ្ឋបាលជលផលបានប្រើទម្រង់ឌីជីថល ដែលមានមូលដ្ឋានលើកម្មវិធីកូបូ (Kobo Toolbox) ដែលត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអង្គការ FAO ដើម្បីកំណត់ស្ដង់ដារនៃការរាយការណ៍អំពីផលនេសាទទឹកសាប និងសមុទ្រ ផលវារីវប្បកម្ម រួមនឹងទិន្នន័យស្តីពីការកែច្នៃត្រីនិងបទល្មើលនេសាទ សម្រាប់ខណ្ឌរដ្ឋបាលជលផលទាំង២៥ រាយការណ៍តាមរបៀបដូចៗគ្នា។
ដើម្បីឆ្លើយតបនឹងគុណភាពនិងភាពស៊ីសង្វាក់គ្នានៃទិន្នន័យ ព្រមទាំងដើម្បីប្រមូលព័ត៌មានឲ្យបានលេញល្អ រដ្ឋបាលជលផល ដោយមានជំនួយបច្ចេកទេសពីកម្មវិធី FAO CAPFISH-Capture បានបង្កើតប្រព័ន្ធស្ថិតិជលផល (FishStat) ដែលជាប្រព័ន្ធឌីជីថលថ្មី មានលក្ខណៈរួមបញ្ចូលគ្នាយ៉ាងទូលំទូលាយសម្រាប់សម្រួលដល់ការបញ្ជូននិងរាយការណ៍ទិន្នន័យជលផល។
ប្រព័ន្ធស្ថិតិជលផល (FishStat) គឺជាវេទិកាឌីជីថលផ្លូវការសម្រាប់ការបញ្ជូនទិន្នន័យនិងការបង្កើតរបាយការណ៍ស្ថិតិជលផល ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ FishStat ត្រូវបានបង្កើតឡើងដោយមានជំនួយបច្ចេកទេសនៃអង្គការ FAO ក្រោមកម្មវិធី EU CAPFISH។ FishStat ត្រូវបានរៀបចំឡើងដើម្បីសម្រួលការរាយការណ៍ទិន្នន័យដល់មន្ត្រីខណ្ឌរដ្ឋជលផលនិងការរៀបចំ ស្ថិតិថ្នាក់ជាតិ។ ប្រព័ន្ធនេះធានាសុវត្ថិភាពដល់ការចូលទៅប្រើប្រាស់សម្រាប់មន្ត្រីជលផលនៅរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល។
ប្រព័ន្ធនេះមានរួមបញ្ចូលទម្រង់បញ្ជូនទិន្នន័យស្ថិតិសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ផ្ទាំងគ្រប់គ្រងស្ថិតិ និងឧបករណ៍សម្រាប់បង្កើតរបាយការណ៍។ ឧបករណ៍ទាំងនេះធានាបាននូវការទទួលបានព័ត៌មានស្ថិតិទាន់ពេលវេលា ដែលគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាង និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។